សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអប់រំ និង ការបង្កើតធនធានមនុស្ស ជាគោលនយោបាយអាទិភាព !!!!!
ដោយះ លោក ហាប់ ប៊ុនហុង
ចេញផ្សាយ ថ្ងៃ អង្គារ ១៣ រោច ខែ មិគសិរ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០២៤
រាជធានីភ្នំពេញ៖
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានថ្លែងនៅក្នុងកម្មវិធី នៃ ការ ជួបសំណេះសំណាលជាមួយក្មួយៗសិស្សនិទ្ទេសAចំនួន១ ៦៩១ នាក់ ក្នុងនោះសិស្ស ១ ៦៧៣ ជាសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ និងសិស្សចំនួន១៨នាក់ ជាសិស្សដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ សម័យប្រឡង ២០ តុលា ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
បានបន្តទៀតថា ចំពោះ លទ្ធផលសិស្សនិទ្ទេសA គឺជានិមិត្តរូបនៃភាពជោគជ័យ កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗផ្ទាល់ និងក៏ស្នាដៃមិនអាចកាត់ថ្លៃបានរបស់លោកគ្រូអ្នកគ្រូ ដែលបង្រៀនក្នុងប្រព័ន្ធអប់រំរបស់យើងផងដែរ ជាពិេសសការជួយគាំទ្រយ៉ាងពេញទំហឹងរបស់ឪពុកម្តាយ និងអាណាព្យាបាល។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអប់រំ និងការបង្កើតធនធានមនុស្ស ជាគោលនយោបាយអាទិភាព និងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ជាក់ស្តែងការធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ពេលនេះ ចំនួនសិស្សប្រឡងជាប់និទ្ទេស A មានការកើនឡើងជាលំដាប់ ក្រោមទិសស្លោក “អ្នកចេះ គឺជាប់” ។
ហើយដើម្បីកម្ពុជាអាចអភិវឌ្ឍទៅបាន យើងត្រូវការធនធានមនុស្ស ហើយចំនុចអាទិភាពនេះ ត្រូវបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានចាត់ទុក “ ការអភិវឌ្ឍមូលធនមនុស្ស” គឺជាបញ្ចកោណទី១ ដ៏មានសារៈសំខាន់ ដោយក្នុងនោះ”ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា”គឺជាកិច្ចការអាទិភាពទី១ ក្នុងចំណោមកិច្ចការអាទិភាពទាំង៥ នៃបញ្ចកោណទី១ ដែលមានគោលដៅផ្តោតលើការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងបណ្តុះបណ្តាល ប្រកបដោយគុណភាព និងជំនាញខ្ពស់ ដើម្បូជាកាតាលីករក្នុងសេដ្ឋកិច្ចជាតិ ក៏ដូចជាគោលដៅនាំកម្ពុជាឆ្ពោះទៅសម្រេចបាននូវមហិច្ឆិតាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕
ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយយ៉ាត
https://www.bmy-news.com/