ក្រុមហ៊ុន Daejoo KC Group ប្ដេជ្ញាចិត្តក្នុងការរួមចំណែកពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងកូរ៉េ-កម្ពុជាឱ្យកាន់តែរីកចម្រើន !!!!!
ដោយះ លោក ហាប់ ប៊ុនហុង
ផ្សាយ ថ្ងៃ សៅរ៍ ១១ កើត ខែ ពិសាដ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៤
ក្រុងសេអ៊ូលះ
នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Joo-Bong, Park ប្រធានក្រុមហ៊ុន Daejoo KC Group និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន Daejoo KC Group ដែលកំពុងមានប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមហ៊ុន CAMKO Motor Co. Ltd ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបង្គុំ និងសម្ភារអេឡិចត្រូនិក និងមានរោងចក្រផលិតគ្រឿងបង្គុំអេឡិចត្រូនិកដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងរោងចក្ររបស់ក្រុមហ៊ុននៅក្នុងប្រទេសកូរ៉េដែរ។ ជាមួយគ្នានេះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុនក៏បានរួមចំណែកក្នុងការបណ្ដុះបណ្ដាលវិស្វករកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលជំនាញនៅប្រទេសកូរ៉េ ដើម្បីបំពេញតាមតម្រូវការជាក់ស្ដែងរបស់រោងចក្រនៅកម្ពុជា។ បន្ថែមលើនេះ លោកប្រធានក្រុមហ៊ុន ក៏បានសម្តែងនូវក្តីរីករាយ និងអបអរសាទរ ដែលសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា បានដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ហើយតាមរយៈកម្រិតទំនាក់ទំនងនេះ លោកជឿជាក់ថា វិនិយោគិន និងក្រុមហ៊ុនកូរ៉េជាច្រើនទៀតនឹងស្វែងយល់ពីសក្តានុពលនៅកម្ពុជា និងបន្តវិនិយោគក៏ដូចជាពង្រីកវិនិយោគបន្ថែមនៅព្រះរាជាណាចក្រកម្ពុជា។ លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការចូលរួមចំណែកពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុន និងសហការី និងអរគុណចំពោះក្រុមហ៊ុន Daejoo KC Group ដែលបានបោះទុនវិនិយោគនៅកម្ពុជា និងបានចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាល វិស្វករកម្ពុជាលើផ្នែកយានយន្ត។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀត ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា ដោយក្នុងនោះកម្ពុជាមានបំណងចង់ឃើញការដាក់ចេញនូវយុទ្ធសាស្ត្រ “កូរ៉េបូកមួយ” តាមរយៈការផលិត និងផ្គត់ផ្គង់ក្នុងច្រវាក់ផ្គត់ផ្គង់គ្រឿងបង្គុំអេឡិចត្រូនិក ដែលជាផលិតផលផលិតនៅក្នុងស្រុក។
មុននឹងបញ្ចប់ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការពង្រីកនូវខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីនាំចេញនិងផ្គត់ផ្គង់ផលិតផល នៅតាមបណ្ដារោងចក្រ និងសហគ្រាសផ្សេងៗបន្ថែមទៀតផងដែរ៕
ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយយ៉ាត
https://www.bmy-news.com/