ពិភពលោក កំពុងរងការវាយប្រហារ ដោយ COVID 19 ខណៈប្រទេសចិន មានការថយចុះ ហើយប្រទេសម៉ាឡេស៊ី បានបិទប្រទេស ទាំងមូលរយៈពេល ២សប្តាហ៍ ខណៈCOVID-19 លើស ៥០០ ករណី !!!!!
ប្រែសម្រួលដោយះ លោក សែម ឧស្សាហ៍
ចេញផ្សាយថ្ងៃ ពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ
រាជធានីកូឡាឡាំពួរ:
ពេលនេះអង្គការសុខភាពពិភពលោក និងបណ្ដាលប្រទេស ជាច្រើន កំពុងមានការព្រួយបារម្ភ លើករណីមេរោគ កូរ៉ូណា វីរុស ដែលកំពុង ធ្វើអោយសេដ្ឋកិច្ច បណ្ដាលប្រទេសដែលមានការ វាយលុក ពីមេរោគកូរ៉ូណា វីរុស ដោយចំពោះ រដ្ឋាភិបាលម៉ាឡេស៊ី៊ី នឹងដាក់បម្រាមប្រជាជនខ្លួនពីការចេញដំណើរទៅក្រៅប្រទេស និងជនបរទេសពីការចូលទៅក្នុងប្រទេសម៉ាឡេស៊ី រយៈពេល២សប្តាហ៍ ដែលនឹងចូលជាធរមាននាពីថ្ងៃពុធ ទី១៨ ខែមីនាតទៅ។ លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin ប្រកាសបែបនេះ។ បើតាមប្រមុខរដ្ឋាភិបាលរូបនេះ ចំណាត់ការនេះ គឺជាផ្នែកមួយនៃបទបញ្ជារឹតត្បិតការដើរហើរដែលដាក់ចេញដោយរដ្ឋាភិបាលម៉ាឡេស៊ីក្នុងគោលដៅបង្ការការរាលដាល COVID-19 ។
ថ្លែងលើកញ្ចក់ទូរទស្សន៍កាលពីថ្ងៃចន្ទ ១៦ ខែមីនា លោកនាយករដ្ឋមន្ត្រី Muhyiddin គូសបញ្ជាក់ថា ចាប់ពីថ្ងៃ ១៨-៣១ ខែមីនា ប្រជាជនម៉ាឡេស៊ីទាំងអស់ ត្រូវបានហាមចាកចេញពីប្រទេស ហើយសម្រាប់អ្នកដែលត្រលប់មកពីបរទេសវិញ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាព និងត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល ១៤ ថ្ងៃ។
ម្យ៉ាងវិញទៀត ភ្ញៀវទេសចរណ៍បរទេស នឹងមិនត្រូវអនុញ្ញាតឲ្យចូលមកក្នុងប្រទេសម៉ាឡេស៊ី អំឡុងពេលបម្រាមនេះផងដែរ។ ប្រមុខរដ្ឋាភិបាលរូបនេះ អះអាងបែបនេះ ដោយដកស្រង់ចុះផ្សាយដោយទូរទស្សន៍សិង្ហបុរី Channel News Asia ។ លោក Muhyiddin បន្តទៀតថា ការប្រមូលផ្ដុំគ្នាជាសាធារណៈ និងដើរហើរក្នុងប្រទេស រួមមាន ព្រឹត្តិការណ៍សាសនា, ជំនួបកីឡា ព្រមទាំងសកម្មភាពវប្បធម៌និងសង្គម ក៏នឹងត្រូវហាមប្រាមផងដែរ។
លោកនាយករដ្ឋមន្ត្រី និយាយដូច្នេះថា៖«ដើម្បីអនុវត្តចំណាត់ការនេះ កន្លែងបន់ស្រន់សាសនា និងការិយាល័យធុរកិច្ចទាំងអស់ ត្រូវតែបិទទ្វារ ដោយលើកលែងតែ ផ្សារទំនើប, ហាងគ្រឿងទេស និងហាងដែលលក់ទំនិញចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋ»។ ជាមួយគ្នានេះដែរ លោក Muhyiddin អះអាងទៀតថា សាលាចំណេះដឹងទូទៅ និងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ក៏ត្រូវបិទទ្វារផងដែរ។
ដោយមើលឃើញកំណើនករណី COVID-19 យ៉ាងលឿនរហ័សក្នុងបណ្ដាប្រទេសដទៃ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងដូច្នេះថា៖«ខ្ញុំច្បាស់ក្នុងចិត្តថា អ្នក(ប្រជាជនម៉ាឡេស៊ី)ពុំចង់ឲ្យរឿងបែបនេះកើតឡើងដូចគ្នាក្នុងប្រទេសយើងឡើយ។ ម្ល៉េះហើយ យើងពុំអាចរង់ចាំរហូតដល់ស្ថានការណ៍កាន់តែអាក្រក់ខ្លាំងជាងនេះឡើយ»។
ទន្ទឹមនឹងការចាត់ចំណាត់ការខ្លាំងៗដើម្បីកាត់បន្ថយការរីករាលដាលនៃ COVID-19 លោកនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យប្រជាជនម៉ាឡេស៊ីទាំងអស់កុំឲ្យមានភាពស្លន់ស្លោ។ ត្រង់នេះ លោកអះអាងបែបនេះថា៖«ខ្ញុំ សង្ឃឹមថា អ្នកនឹងមានភាពអត់ធ្មត់។ កុំស្លន់ស្លោ កុំភ័យព្រួយ ហើយរក្សាភាពស្ងៀមស្ងាត់។ ខ្ញុំជឿជាក់ថា ចំណាត់ការទាំងនេះ នឹងជួយបញ្ឈប់ការរីករាលដាលនៃវីរុសនេះ»។
តាមទូរទស្សន៍ Channel News Asia ប្រមុខរដ្ឋាភិបាលរូបនេះ ក៏ប្រកាសធានាថា ម្ហូបអាហារ និងសម្ភារសុខភាពចាំបាច់ ដូចជា ម៉ាស់ការពារ និងទឹកលាងដៃ ជាដើម នឹងមានគ្រប់គ្រាន់សម្រាប់ពលរដ្ឋទាំងអស់។ ត្រង់នេះ លោកបានចេញបញ្ជាឲ្យក្រសួងពាណិជ្ជកម្មតាមដានស្ថានការណ៍នេះ អំឡុងពេលរឹតត្បិតការដើរហើរនេះ។
សូមបញ្ជាក់ថា ម៉ាឡេស៊ី ក្លាយជាប្រទេសដែលរងគ្រោះជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលគិតត្រឹមថ្ងៃចន្ទ ១៦ ខែមីនា មានករណី COVID-19 ចំនួន ៥៥៣ នាក់។ ក្នុងនោះ អ្នកជំងឺជាង ៣០០ករណី ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សាសនា ដែលរៀបចំឡើងចន្លោះពីថ្ងៃ ២៨ ខែកុម្ភៈ និងថ្ងៃទី១ មីនា ក្នុងរដ្ឋធានី គួឡាឡាំពួ ។ ព្រឹត្តិការណ៍ដែលមានអ្នកចូលរួមដោយមនុស្ស១៦០០០នាក់ ក៏បានធ្វើឲ្យមានការឆ្លងដល់ប្រទេសព្រុយណេ សិង្ហបុរី ឥណ្ឌូណេស៊ី និងកម្ពុជាផងដែរ៕
ដោយ : គេហទំព័រ បារមីមានរិទ្ធិ លោកយាយយ៉ាត
https://www.bmy-news.com/